ហេតុការណ៍នេះកើតឡើងនៅម៉ោងជិត ១០ យប់ ថ្ងៃ ទី២៥ វិច្ឆិកា នៅពេលបុរសឈ្មោះ ហៃ រឿម អាយុ ៣៧ឆ្នាំ ជាប្តីស្ត្រីមានផ្ទៃពោះឈ្មោះ ចាន់ ថេង អាយុ ៣៥ឆ្នាំ ខឹងនឹងប្រពន្ធរត់មករកឪពុកមាឈ្មោះ ពួក ផា អាយុ ៤៥ឆ្នាំ ឲ្យជួយខណៈគាត់ជាប្តីប្រើហិង្សាវាយធ្វើបាបប្រពន្ធនិងកូន ដោយសារស្រវឹងស្រា។ តែត្រូវប្តីតាមទៅដល់ផ្ទះមានៅជិតគ្នានោះ ហើយក៏ទាស់សម្តីជាមួយឪពុកមា ព្រោះការពារប្រពន្ធក៏កើតមានរឿងបោកគ្រាប់បែកតែម្តង។ ក្នុងហេតុការណ៍នោះម្តាយមីងឈ្មោះ ណយ មិញ អាយុ ៤៤ឆ្នាំ ក៏រងរបួសស្រាលដែរ។ នេះបើតាមសម្តីរបស់អ្នកជិតខាងផ្ទះកើតហេតុនិងសមត្ថកិច្ចនគរបាល ឲ្យដឹងកាលពីម្សិលមិញ។
អ្នកស្រី ស៊ូ ពិសី អាយុ ៥០ឆ្នាំ រស់នៅក្បែរខាងផ្ទះកើតហេតុ ក្នុងភូមិ គោកសំព័រ បានឲ្យដឹងថា នៅយប់ម៉ោងប្រហែល ៨ និង ៤០នាទី បុរសជាប្តីដែលទៅផឹកស៊ីរួចបានត្រឡប់មកផ្ទះ ក៏បានហៅស្ត្រីជាប្រពន្ធឲ្យដាស់កូនស្រីអាយុ ១៦ឆ្នាំ ដែលកំពុងដេកលង់លក់ឲ្យងើបឡើង ព្រោះអ្នកជិតខាងរកនាង ព្រោះគេមានថ្នាំលាបសក់យកមកឲ្យ។ តែស្ត្រីជាប្រពន្ធមិនបានដាស់កូនឲ្យទាន់ចិត្ត ក៏ត្រូវបុរសជាប្តីវាយធ្វើបាបតែម្តង។
អ្នកស្រីនិយាយថា៖ «ប្តីវាយប្រពន្ធនឹងដៃហើយទាត់ផង ប្រពន្ធក៏រត់ទៅផ្ទះពូនៅរំលងគ្នា។ ប្តីខឹង ក៏ចាប់លើកកូនប្រុសអាយុ ៩ខែ បោកនឹងកណ្តាប់ស្រូវ។ ពូក៏មកឃាត់ ថាកុំធ្វើបាបប្រពន្ធកូនទៀត ទើបប្តីកាន់តែខឹង»។
គាត់បន្តថា៖ «ពេលពូទៅផ្ទះគាត់វិញ ប្តីក៏ទៅតាមហើយក្នុងដៃមានកាន់គ្រាប់បែក មិនដឹងបានមកពីណាទេ។ គាត់បោកក៏ត្រូវខ្លួនឯង និងមាស្លាប់ ហើយមីង និងក្មួយស្រីម្នាក់ទៀតរបួស»។
អ្នកជិតខាងរូបនេះនិយាយថា ប្រពន្ធដែលមានកូន ៤ខែ ក្នុងផ្ទៃ បានរងរបួសធ្ងន់ ឯម្តាយមីងរងរបួសស្រាល ត្រូវបញ្ជូនទៅមន្ទីរពេទ្យបន្ទាន់ដើម្បីសង្គ្រោះ។
អ្នកស្រី ពិសី បាននិយាយថា៖ «នេះជារឿងហិង្សាក្នុងគ្រួសារគាត់ អ្នកភូមិតែងតែឃាត់ តែបើឃាត់គាត់ខឹងដល់អ្នកភូមិទៀត។ លើកណាឲ្យតែផឹកគឺរករឿងវាយធ្វើបាបប្រពន្ធកូនតែរហូតហ្នឹង ធ្វើបាបឡើងគ្នាខ្លាច បាក់ស្បាតអស់ទៅហើយ»។
លោក កែ សំណេង អធិការរងនគរបាលស្រុក អន្លង់វែង ថ្លែងថា សពបុរសជាពូនិងក្មួយបង្កើតជាជនដៃដល់បោកគ្រាប់បែកត្រូវ សមត្ថកិច្ចប្រគល់ឲ្យមេភូមិ និងក្រុមគ្រួសារចាត់ចែងធ្វើបុណ្យភ្លាមៗ ដោយសារសភាពសពខេ្ទចមុខនិងធ្លាយចេញពោះវៀន ចំណែកស្ត្រីជាប្រពន្ធមានផ្ទៃពោះ រងរបួសត្រូវមុខខាងឆ្វេង និងដងខ្លួនខាងឆ្វេងខ្លាំង។
លោកបន្តថា បុរសដៃដល់ដែលស្លាប់ក្នុងការបំផ្ទុះគ្រាប់បែក គាត់ធ្លាប់ធ្វើជាយោធាតាំងពីមុនឆ្នាំ ២០០០ មកនិងមានទុកគ្រាប់ក្នុងផ្ទះមិនឲ្យគេដឹង។ លោកថា៖ «សំណល់វត្ថុតាងនៃគ្រាប់បែកនោះធ្វើនៅប្រទេស ចិន មានតែគំរបគ្រាប់ពណ៌ខៀវ ដែលយើងប្រមូលបាន ហើយករណីនេះ ជាអំពើហិង្សាក្នុងគ្រួសារឈ្លោះគ្នា ក៏បោកគ្រាប់បែកតែម្តង»។
លោក ស្រី ណារ៉េន អ្នកសម្របសម្រួលសមាគមសិទ្ធិមនុស្ស អាដហុក ខេត្ត ឧត្តរមានជ័យ ថ្លែងថា អំពើហិង្សាក្នុងគ្រួសារនៅទីជនបទនៅតែកើតមានច្រើន ហើយទោះមានច្បាប់ ក៏ពលរដ្ឋអ្នកទទួលរងហិង្សា ជាពិសេសស្ត្រីឬអ្នកជិតខាង មិនហ៊ានប្តឹងសមត្ថកិច្ចដែរ ព្រោះពួកគាត់គិតថា នេះជារឿងគ្រួសារ ឯសមត្ថកិច្ចទៀតសោតក៏មិនរវល់នឹងកសាងសំណុំរឿងឡើយ។
លោក ស្រី ណារ៉េន ថ្លែងឲ្យដឹងដែរថា អង្គការ អាដហុក លោក បានដោះស្រាយករណីហិង្សាក្នុងគ្រួសារប្រមាណជា ៤ ករណីជារឿងរាល់ខែ។
លោកថ្លែងថា៖ «យើងចង់ឲ្យស្ត្រីមានភាពអង់អាចនៅក្នុងការប្តឹង ព្រោះជារឿងព្រហ្មទណ្ឌ ឯសមត្ថកិច្ចត្រូវអនុវត្តនូវច្បាប់ឲ្យតឹងរឹង បើមិនដូច្នោះទេ គោលនយោបាយរដ្ឋាភិបាលក្នុងការលុបបំបាត់អំពើហិង្សាក្នុងគ្រួសារ នឹងមិនទទួលជោគជ័យឡើយ»៕
No comments:
Post a Comment