Wednesday, June 5, 2013

លោក​សម រង្ស៊ី​ត្រូវ​គេ​ហាម​មិន​ឲ្យ​ចូល​ទឹក​ដី​ថៃ

 

Sam-rainsy
លោក សម រង្ស៊ី មេ​ដឹក​នាំ​គណបក្ស​ប្រឆាំងត្រូវបាន​គេ​ឃើញ​នៅ​ក្រុង​វ៉ា​ស៊ីន​តោន សហរដ្ឋ​អាមេរិក។ រូបថត AFP
ភ្នំពេញៈ លោក សម រង្ស៊ី មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង ត្រូវ​បាន​បដិសេធ​មិន​ឲ្យ​ចូល​ទៅ​ក្នុង​ប្រទេស​ថៃ​ឡើយ​កាល​ពី​ថ្ងៃ​ម្សិលមិញ ដោយ​គេ​ប្រាប់​លោក​ថា លោក​នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ប្រទេស​ថៃ​ទេ រហូត​ទាល់​តែ​ក្រោយ​ការ​បោះឆ្នោត​នៅ​កម្ពុជា។ លោក សម រង្ស៊ី បាន​គ្រោង​នឹង​ដាក់​បង្ហាញ​នូវ​សៀវភៅ​ថ្មី​របស់​លោក​មាន​ចំណង​ជើង​ថា We Didn't Start the Fire: My Struggle for Democracy in Cambodia នៅ​ក្លិប​អ្នក​សារ​ព័ត៌មាន​បរទេស​នៅ​ថៃ ប៉ុន្តែ​លោក​បាន​ថ្លែង​ពី​សិង្ហបូរី កាល​ពី​ម្សិលមិញ​ថា ប៉ូលិស​អន្តោប្រវេសន៍​ថៃ​បាន​បដិសេធ​មិន​ឲ្យ​លោក​ចូល​ក្នុង​ប្រទេស​ថៃ​ទេ។ លោក​បញ្ជាក់​ថា៖ «​គេ​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​នឹង​អាច​វិល​មក​ចូល​ថៃ​បាន​វិញ​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​»។ លោក​បាន​បដិសេធ​មិន​ផ្តល់​ការ​អត្ថាធិប្បាយ​បន្ថែម​ទៀត​ទេ ព្រោះ​លោក​ជាប់​រវល់។
ក្លិប​អ្នក​សារ​ព័ត៌មាន​បរទេស​នៅ​ថៃ បាន​សង្កត់​ធ្ងន់​លើ​គេហទំព័រ​របស់​ខ្លួន​ថា ក្លិប​នេះ​គ្រាន់​តែ​ធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​មិន​ឧបត្ថម្ភ​ចំពោះ​ការ​បោះផ្សាយ​សៀវភៅ​របស់​លោក សម រង្ស៊ី ទេ។
លោក George Mcleod សមាជិក​ក្រុម​ប្រឹក្សា​អភិបាល​នៃ​ក្លិប បាន​ថ្លែង​ពី​ម្សិលមិញ​ថា​៖ «​ក្លិប​យល់​ថា ការ​បដិសេធ​នេះ​គឺ​ស្រប​នឹង​គោល​នយោបាយ​របស់​ថៃ​មិន​អនុញ្ញាត​នូវ​សកម្មភាព​ នយោបាយ​បរទេស​លើ​ទឹក​ដី​ថៃ​ឡើយ​»។
នៅ​ពេល​សួរ​ថា តើ​ស្ថានទូត​កម្ពុជា​បាន​ជំរុញ​អាជ្ញាធរ​អន្តោប្រវេសន៍​ថៃ​ឲ្យ​បដិសេធ​មិន​ អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី ចូល​មក​ក្នុង​ប្រទេស​ថៃ ឬ​យ៉ាង​ណា​?​ឯក​អគ្គ​រាជទូត​កម្ពុជា​ប្រចាំ​ក្រុង​បាងកកលោក​ស្រី យូ អ៊យ បាន​សើច ហើយ​បិទ​ទូរស័ព្ទ។
លោក កុយ គួង អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស ពុំ​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ។
លោក Touchayoot Pakdi ឯក​អគ្គ​រាជទូត​ថៃ​ប្រចាំ​កម្ពុជា​បាន​ថ្លែង​ថា លោក​ពុំ​បាន​ដឹង​អំពី​ករណី​នេះ​ទេ ចំណែក​ឯ​មន្រ្តី​ទទួល​បន្ទុក​កិច្ចការ​កម្ពុជា​នៅ​ក្រសួង​ការ​បរទេស​ថៃ​បាន បដិសេធ​ពុំ​ផ្តល់​ការ​អត្ថាធិប្បាយ​ឡើយ។
ទោះ​ជា​យ៉ាង​ណា​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក សម រង្ស៊ី នៅ​ស្ងៀម​ស្ងាត់​កាល​ពី​ម្សិលមិញ អំពី​ករណី​នេះ ដោយ​លោក យឹម សុវណ្ណ បាន​ថ្លែង​ថា លោក​ពុំ​មាន​ព័ត៌មាន​អំពី​ថា​តើ​អ្វី​បាន​កើត​ឡើង​នោះ​ឡើយ។ លោក សម រង្ស៊ី ដែល​កំពុង​រស់​នៅ​ដោយ​និរទេស​ខ្លួន​ឯង ដើម្បី​ចៀស​វាង​ទោស​ជាប់​ពន្ធនាគារ ដែល​អ្នក​ខ្លះ​អះអាង​ថា គឺ​ដោយ​សារ​មូលហេតុ​នយោបាយ​នោះ មិន​មែន​ជា​ជន​បរទេស​ទី១ ដែល​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ចូល​ក្នុង​ប្រទេស​ថៃ​ទេ​។
លោក កែម ឡី អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​បាន​ថ្លែង​ថា កត្តា​ដែល​ជះ​ឥទិ្ធពល​លើ​សេចក្តី​សម្រេច​របស់​ថៃ​គឺ​ទំនាក់​ទំនង​ជិត​ ស្និទ្ធ រវាង​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន និង​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីត​នាយក​រដ្ឋ​មន្រ្តី​ថៃ ភាព​តាន​តឹង​នៅ​ព្រំដែន ការ​ព្យាយាម​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ផ្សារ​ភ្ជាប់​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​ទៅ​នឹង​ចលនា​ភេរវករ នា​ពេល​ថ្មីៗ​នេះ៕ TK

No comments:

Post a Comment