Thursday, June 6, 2013

មីយ៉ាន់ម៉ា នឹង​ដោះ​លែង​អ្នក​ទោស​នយោបាយ​ទាំងអស់«​ឆាប់​ៗ​»


130606_17b
ប្រធានាធិបតី មី​យ៉ាន់​ម៉ា លោក ថេន សេន ថ្លែង​នៅ​អាមេរិកក្នុង​ខែ​ឧសភា។ AFP
ក្រុងយ៉ាំងហ្គោនៈ ប្រធានាធិបតី​មីយ៉ាន់ម៉ា​បាន​ថ្លែង​ពី​ថ្ងៃ​អង្គារ​ថា រដ្ឋាភិបាល​លោក​នឹង​ដោះលែង​អ្នក​ទោស​នយោបាយ​ទាំងអស់​ក្នុង​ពេល​ឆាប់​ៗ​នេះ​ ជា​ផ្នែក​មួយ​នៃ​កំណែទម្រង់​នយោបាយ​ជាច្រើន​ក្រោយ​ពី​មាន​ការ​បញ្ចប់​របប​ ការ​គ្រប់គ្រង​បែប​យោធា​មួយ​។
ក្នុង​សុន្ទរកថា​តាម​វិទ្យុ​មួយ​លោក​ប្រធានាធិបតី​ថេន សេន​បាន​ថ្លែង​ថា ប្រទេស​មីយ៉ាន់ម៉ា​បាន​បង្កើត​គណៈកម្មាធិការ​មួយ​ដើម្បី​ពិនិត្យ​មើល​ករណី​ ទាំងឡាយ របស់​អ្នក​ទោស​នយោបាយ​ហើយ​«អ្នក​ទោស​នយោបាយ​ទាំងអស់​នឹង​ត្រូវ​ដោះលែង​ក្នុង ​ពេល​ឆាប់​ៗ​នេះ»។
លោក​បាន​ថ្លែង​ថា​៖​«​យើង​កំពុង​ត្រូវ​ការ​ពេលវេលា​ដើម្បី​ស៊ើបអង្កេត​ពី ​ករណី​ជាច្រើន ដែល​ធ្វើ​ឲ្យ​ច្រឡំ​គ្នា​រវាង​បទល្មើស​ឧក្រិដ្ឋកម្ម​និង​បទល្មើស​នយោបាយ​»​ ដោយ​បន្ថែម​ថា អ្នក​ដែល​ត្រូវ​ផ្ដន្ទាទោស​ពី​បទឧក្រិដ្ឋកម្ម​ហិង្សា​ទាក់ទង​នឹង​ទង្វើ​ នយោបាយ​«សម​តែ​ទទួល​ទោស​របស់​ពួក​គេ»។
ក្រុម​ឧត្តមសេនីយ៍​យោធា ដែល​បាន​គ្រប់គ្រង​ជាច្រើន​ទសវត្សរ៍​បាន​បដិសេធ​ថា​ពុំ​មាន​អ្នក​ទោស​នយោយបាយ​ទេ។
ប៉ុន្តែ​អ្នក​ទោស​នយោបាយ​រាប់រយ​នាក់​ត្រូវ​បាន​ដោះលែង​ចាប់​តាំង​ពី​ ប្រធានាធិបតី​កំណែទម្រង់​លោក​ថេន សេន​បាន​ឡើង​កាន់​អំណាច​កាល​ពី​ឆ្នាំ​២០១១​ម្ល៉េះ ហើយ​កាល​ពី​ខែ​វិច្ឆិកា​បាន​ប្រកាស​ត្រួតពិនិត្យ​ឡើង​វិញ​លើ​ករណី​ «ពាក់ព័ន្ធ​នយោបាយ​ទាំងអស់»។
ទោះ​យ៉ាង​ណា​ក្រុម​សកម្មជន​និយាយ​ថា អ្នក​ទោស​នយោបាយ​ចំនួន​២០០​នាក់​នៅ​ក្នុង​គុក​នៅ​ឡើយ​។ ពួកគេ​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​ពី​បទ​ប្រើ​ពាក្យ​លើក​លែង​ទោស ​ដើម្បី​ចំណេញ​នយោបាយ​ដោយ​ដឹង​ថា សហគមន៍​អន្តរជាតិ​កំពុង​ឃ្លាំ​មើល​។
នៅ​ក្នុង​ការ​លើក​លែង​អ្នក​ទោស​ចុង​ក្រោយ​កាល​ពី​ខែ​ឧសភា​អ្នក​ជាប់​ឃុំ​ ខាង​នយោបាយ​ជាង​២០​នាក់​ត្រូវ​បាន​ដោះលែង​មុន​ពេល​មាន​ដំណើរ​ទស្សនកិច្ច​ជា​ ប្រវត្តិសាស្ត្រ​របស់​លោក​ថេន សេន​ទៅ​សេតវិមាន​៕ PN​: By Phnom Penh Post

No comments:

Post a Comment