ព័ត៌មាននៃការបណ្តេញ ចេញនេះបានកើតឡើងរយៈពេលមួយថ្ងៃ ក្រោយពី Spurs បានរងបរាជ័យយ៉ាងចាស់ដៃក្នុងលទ្ធផល ៥-០ ក្រោមស្នាដៃរបស់ក្រុម Liverpool នៅឯកីឡដ្ឋាន White Hart Lane ដែលបានធ្វើឲ្យក្រុមដែលស្ថិតក្នុងទីក្រុងឡុងដ៍ភាគខាងជើងមួយ នេះ ដេញតាមពីក្រោយចំណាត់ថ្នាក់ដែលមានសិទ្ធិឈានទៅប្រកួតក្របខ័ណ្ឌ Champions League ចំនួន៥ពិន្ទុ តាមរយៈការឈរនៅក្នុងចំណាត់ថ្នាក់លេខ៧នៅលើតារាង Premier League។
Tottenham បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ខ្លួន ថា៖ «ក្លិបនេះអាចធ្វើការប្រកាសបានថា ការយល់ព្រមព្រៀងគ្នាត្រូវបានឈានដល់ជាមួយនឹងគ្រូបង្វឹក Andre Villas-Boas ដើម្បីបញ្ចប់តួនាទីរបស់លោក»។
ក្នុងសេចក្តីថ្លែងការណ៍នោះបានសរសេរទៀតថា៖ «ការសម្រេចចិត្តនេះបានកើតឡើងតាមរយៈកិច្ចព្រមព្រៀងទាំងសងខាង និងមានការយល់ព្រមពីគ្រប់ភាគីទាំងអស់។ យើងសូមជូនពរឲ្យលោក Andre ជួបសំណាងល្អនៅថ្ងៃអនាគត។ យើងនឹងធ្វើសេចក្តីប្រកាសបន្ថែមទៀតនៅពេលដ៏សមរម្យមួយ»។
លោក Villas-Boas វ័យ៣៦ឆ្នាំ ទើបតែបានដឹកនាំឲ្យក្រុមរបស់លោករងបរាជ័យយ៉ាងចាស់ដៃក្នុងលទ្ធផល ៦-០ នៅលើទឹកដីក្រុម Manchester City កាលពីខែមុន បើទោះបី Spurs បានបណ្តាក់ទុនប្រមាណជា១០៥លានផោន (ដែលស្មើនឹង១៧១លានដុល្លារអាមេរិក) ទៅលើកីឡាករថ្មីអំឡុងពេលបិទរដូវកាលក៏ដោយ។
ប៉ុន្តែ ទោះបីជាយ៉ាងណា ការចំណាយនេះ មិនបានតបស្នងសម្រាប់ការលក់ខ្សែបម្រើស្លាបដ៏ឆ្នើម Gareth Bale ទៅឲ្យ Real Madrid ឡើយ ហើយ Spurs បានស៊ុតបាល់បញ្ចូលទីត្រឹមតែ១៥គ្រាប់ប៉ុណ្ណោះក្នុងការប្រកួតលីក ទាំង១៦លើករបស់ពួកគេនៅក្នុងរដូវកាលនេះ បើគិតចាប់តាំងពីខ្សែបម្រើអន្តរជាតិវេលស៍រូបនោះចាកចេញពីក្លិប ។
ការបណ្តេញចេញលោក Villas-Boas បង្ហាញពីការបរាជ័យជាលើកទី២ជាប់ៗគ្នារបស់លោកសម្រាប់ការដឹកនាំ ក្លិបនៅទីក្រុងឡុងដ៍ ខណៈដែលលោកត្រូវបានដេញចេញពីតួនាទីដោយក្លិប Chelsea ក្នុងខែមីនា ឆ្នាំ២០១២ ក្រោយពីចំណាយពេលត្រឹមតែ៩ខែនៅឯកីឡដ្ឋាន Stamford Bridge។ គ្រូបង្វឹករូបនេះបានចូលរួមជាមួយ Spurs បន្ទាប់ពីខែកក្កដា ប៉ុន្តែ ទោះបីដឹកនាំឲ្យក្លិបនេះបានទទួលពិន្ទុសរុបដ៏ខ្ពស់បំផុតក្នុង យុគសម័យកាលក្របខ័ណ្ឌ Premier League ជាមួយនឹងការរកបាន៧២ពិន្ទុក៏ដោយ ប៉ុន្តែ ពួកគេបានបាត់បង់កៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions League ដោយសារតែក្រុម Arsenal៕ IS
No comments:
Post a Comment