Showing posts with label International News. Show all posts
Showing posts with label International News. Show all posts

Thursday, September 5, 2013

វាយប្រហារ​ក្រុង​បាកដាដ​បាន​សម្លាប់​មនុស្ស​៥០​នាក់

130905_18a
ភ្លើង​កំពុង​ឆេះរថ​យន្ត​ នៅកន្លែង​វាយ​ប្រហារ​បំ​​ផ្ទុះ​រថយន្ត​នៅបាកដាដ។ AFP

ក្រុងបាកដាដៈ រលក​នៃ​ការ​បំផ្ទុះ​គ្រាប់បែក​ក្នុង​រថយន្ត​បាន​បំផ្លាញ​តំបន់​និកាយស៊ីអ៊ីត ​ក្នុង​ក្រុង​បាកដាដ​កាលពី​ថ្ងៃ​អង្គារ​ជា​ការ​សម្លាប់​មនុស្ស​ច្រើន​បំផុត​ ក្នុង​ហិង្សា​នៅ​ទូទាំង​ប្រទេស​ដែល​បាន​សម្លាប់​មនុស្ស​ ៥០ ​នាក់​ខណៈ​ប្រទេស​អ៊ីរ៉ាក់​កំពុង​តែ​ទប់ទល់​នឹង​ភាព​វឹកវរ​នា​ពេល​ បច្ចុប្បន្ន។
ក្រុម​មន្ត្រី​សន្តិសុខ និង​សុខាភិបាល​បាន​និយាយ​ថា គ្រាប់បែក​ក្នុង​រថយន្ត​១១​គ្រាប់​បាន​ផ្ទុះ​ក្នុង​សង្កាត់​និកាយស៊ីអ៊ីត​ ភាគច្រើន​នៃ​ក្រុង​បាកដាដ​ដោយ​សម្លាប់​មនុស្ស​យ៉ាង​តិច​៤០​នាក់ និង​របួស​ជាង ​១០០ ​នាក់​ទៀត។
ការ​ផ្ទុះ​ទាំងនេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ ៦ ​ល្ងាច និង​បាន​វាយប្រហារ​លើ​គោលដៅ​ស៊ីវិល​ជាច្រើន រាប់​ចាប់ពី​ហាង​ការ៉េម​ក្នុង​ខណ្ឌ​ពាណិជ្ជកម្ម​ការ៉ាដា​នៅ​ភាគ​កណ្តាល​រហូត ​ដល់​ផ្សារ​ល្បី​មួយ​នៅ​សង្កាត់​ម៉ាម៉ាល​ភាគ​ខាង​ជើង។​គ្រាប់បែក​ក្នុង​ រថយន្ត​មួយ​គ្រាប់​ទៀត​បាន​ផ្ទុះ​នៅ​ក្បែរ​ព្រះវិហារ​និកាយ​ស៊ីអ៊ីត​មួយ​នៅ​ ភាគ​ខាង​កើត​ក្រុង​បាកដាដ។
អ្នកកាសែត AFP ម្នាក់​នៅឯ កន្លែង​កើតហេតុ​បាន​និយាយ​ថា រថយន្ត​មួយ​គ្រឿង​ទៀត​ផ្ទុក​ដោយ​គ្រឿង​ផ្ទុះ​នៅ​តំបន់​ Talbiyah ភាគ​ខាង​ជើង​ត្រូវ​បាន​គេ​បំផ្ទុះ​នៅ​ក្បែរ​ផ្សារ​លក់ដុំ​បន្លែ​និង​ផ្លែឈើ​ ដែល​មាន​មនុស្ស​កុះករ។ វា​បាន​ធ្វើឲ្យ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​នូវ​រថយន្ត​តូច ជាច្រើន​គ្រឿង និង​ហាង​ទំនិញ​ជាង ១២​កន្លែង។
នេះ​គឺ​ការ​បំផ្ទុះ​គ្រាប់បែក​ថ្មី​បំផុត​ក្នុង​និន្នាការ​វាយប្រហារ​ដែល ​បាន​កំណត់​ពេល​ឲ្យ​ត្រូវ​នឹង​ពេល​ដែល​ប្រជាជន​ទៅ​ហាង​កាហ្វេ និង​តំបន់​សាធារណៈ​ជាច្រើន​ទៀត​ក្នុង​អំឡុង​ពេល​យប់។
ពី​មុន​អំពើហិង្សា​ដែល​មាន​ការ​សម្រួល​ភាគច្រើន​បាន​កើតឡើង​តែ​ក្នុង​ ម៉ោង​ប្រញាប់ប្រញាល់​ក្នុង​ពេល​ព្រឹក​ប៉ុណ្ណោះ នៅ​ពេល​ក្រុង​តាម​ធម្មតា​ស្ទះ​ចរាចរណ៍។
អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក​ឧត្តមសេនីយ៍ត្រី​សាត​ម៉ាន់​បាន​កំណត់​ ចំនួន​អ្នកស្លាប់​ពី​អំពើហិង្សា​ទូទាំង​ក្រុង​មាន​៩​នាក់ និង​របួស​៨១​នាក់​ក្នុង​ការ​វាយប្រហារ​១០​កន្លែង។
ជារឿយ​ៗ ក្រសួង​នេះ​ចេញ​តួលេខ​គ្រោះថ្នាក់​ទាប​ជាង​តួលេខ​ដែល​ប្រមូល​ដោយ​មន្ត្រី​សន្តិសុខ និង​សុខាភិបាល។
ក្រុម​មន្ត្រី​បាន​និយាយ​ថា មុន​នេះ​ក្នុង​ថ្ងៃ​ដដែល​មនុស្ស​១០​នាក់​ទៀត​ត្រូវ​បាន​សម្លាប់​នៅក្នុង​ការ​វាយប្រហារ​ជាច្រើន។
គ្មាន​ក្រុម​ណា​មួយ​អះអាង​ទទួល​ខុស​ត្រូវ​ទេ ប៉ុន្តែ​ក្រុម​បះបោរ​និកាយស៊ុននី​ពាក់ព័ន្ធ​នឹង​អាល់កៃដា​ជារឿយ​ៗ​ធ្វើការ​ វាយប្រហារ​ដោយ​យក​មូស្លីម​និកាយស៊ីអ៊ីត​ភាគច្រើន ជា​គោលដៅ៕ CC By Phnom Penh Post

ប្រធានាធិបតី​ចិន​ជួប​សមភាគី​តួកម៉េនីស្ថាន នៅ​មុន​ជំនួប​G20

130905_17b
ប្រ​ធានាធិប​តី​តួក​ម៉េនីស្ថាន ជួប​ពិភាក្សា​ជាមួយ​លោក​ស៊ី ជីនភីង ​(ស្តាំ)។ AFP

ក្រុងប៉េកាំងៈ​ប្រធានាធិបតី​ចិន លោក ស៊ី ជីនភីង​បាន​ជួប​ពិភាក្សា​ជាមួយ​មេដឹកនាំ​តួកម៉េនីស្ថាន​កាលពី​ថ្ងៃ​អង្គារ​ ខណៈ​លោក​បាន​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​ទៅ​អាស៊ី​កណ្តាល​នៅ​មុន​ កិច្ចប្រជុំ​កំពូល G20 នៅ​រុស្ស៊ី។
ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​ស៊ីនហួ បាន​និយាយ​ថា លោក​ស៊ី​បាន​ជួប​ជាមួយ​ប្រធានាធិបតី Gurbanguly Berdymukhamedov ដើម្បី​ពិភាក្សា​ពី​ការ​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត។
មេដឹកនាំ​ចិន​បាន​ចេញ​ដំណើរ​ពី​ព្រឹក​ថ្ងៃ​អង្គារ​លើ​ដំណើរ​ទស្សនកិច្ច​ មួយ​ដែល​រំពឹង​ថា​នឹង​ឃើញ​មាន​កិច្ចព្រមព្រៀង​ថាមពល​ជាច្រើន​និង​ កិច្ចពិភាក្សា​ស្តីពី​កំណើន​យឺត។
ស៊ីនហួ និង​កាសែត China Daily បាន​និយាយ​ថា ផ្តើមពី​ប្រទេស​តួកម៉េនីស្ថាន លោក​ស៊ី​នឹង​ឆ្ពោះ​ទៅ​ជំនួប​កំពូល​នៃ​ក្រុម​មេដឹកនាំ​ពិភពលោក​២០​ក្នុង​ ក្រុង​ឡេនីនក្រាត នៅ​ថ្ងៃ​ព្រហស្បតិ៍​បន្ទាប់មក​បន្ត​ទៅ​ប្រទេស​កាហ្សាក់ស្ថាន អ៊ូសបេគីស្ថាន និង​កៀហ្ស៊ីស៊ីស្ថាន។
ពី​មុន​បណ្តា​ប្រទេស​អាស៊ី​កណ្តាល​ធ្លាប់​ជា​ផ្នែក​របស់​សហភាពសូវៀត មិនមែន​ចិន​ដែល មាន​តម្រូវការ​ថាមពល​ច្រើន​ទេ។ បច្ចុប្បន្ន​ចិន​មាន​ឥទ្ធិពល​ក្នុង​តំបន់​កើនឡើង។
កាសែត China Daily បាន​ស្រង់​សម្ដី​អនុរដ្ឋមន្ត្រី​ការបរទេស​លោក ឆឹង គួភីង​ដូច​បាន​និយាយ​ថា​នៅ​អាស៊ី​កណ្តាល លោក​ស៊ី​គ្រោង​នឹង​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​ប្រេង ឧស្ម័ន​ធម្មជាតិ ការ​ដឹកជញ្ជូន និង​វិនិយោគ។
កាសែត​នោះ បាន​និយាយ​ថា ចិន​បាន​នាំ​ចូល​ឧស្ម័ន​ធម្មជាតិ​ចំនួន​៦០​ពាន់លាន​ម៉ែត្រគុប​ពី​អាស៊ីកណ្តាល​ចាប់​តាំងពី​ឆ្នាំ​២០០៩។
លោក​ស៊ី​នឹង​ចូលរួម​ជាមួយ​មេដឹកនាំ​G20 នៅ​ក្រុង​ឡេនីនក្រាត​( St Petersburg) ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ព្រហស្បតិ៍​ដែល​ការ​ផ្តោត​សំខាន់​មួយ​នឹង ផ្តោត​លើ​កំណើន​យឺត​ក្នុង​ប្រទេស​ចិន និង​ទីផ្សារ​កំពុង​កើនឡើង​ដ៏​ធំ​នៃ​បណ្តា​ប្រទេស​ប្រេស៊ីល រុស្ស៊ី ឥណ្ឌា និង​អាហ្វ្រិក​ខាង​ត្បូង៕ CC By Phnom Penh Post

Wednesday, September 4, 2013

សារ​ពី​ឯក​អគ្គរាជទូត​ម៉ាឡេស៊ី​ប្រចាំ​នៅ​កម្ពុជា

120831_02
លោកឯកអគ្គរាជទូត DATUK PENGIRAN HAJI MOHD HUSSEIN។
នៅ​ក្នុង​ឱកាស​ខួប​លើក​ ទី​៥៥​នៃ​ទិវា​បុណ្យ​ជាតិ​ម៉ាឡេស៊ី ខ្ញុំ​សូម​ជូន​ពរ​ដល់​ប្រជាជន​ម៉ាឡេស៊ី​ទាំង​អស់ ក៏​ដូច​ជា​សហសេវិក​ និង​មិត្ត​ជា​ទី​រាប់​អាន​ទាំង​អស់​នៅ​ប្រទេស​កម្ពុជា ជួប​តែ​សេចក្ដី​សុខ សំណាង​ល្អ។ ប្រធាន​បទ​សម្រាប់​ទិវា​បុណ្យ​ជាតិ​លើក​នេះ គឺ «ឆ្នាំ​ទី​៥៥​នៃ​ការ​ទទួល​បាន​ឯករាជ្យ​ជាតិ​៖ ការ​បំពេញ​តាម​សន្យា (៥៥ TahunMerdeka: JanjiDitepati)»។
នៅ​ក្នុង​ទិវា​ដ៏​វិសេស​វិសាល​នេះ ខ្ញុំ​សូម​ឲ្យ​ប្រជាជន​ម៉ាឡេស៊ី​ទាំង​អស់ ក្រឡេក​មើល​ទៅ​អតីតកាល និង​ចង​ចាំ​បុព្វ​បុរស​របស់​យើង ក៏​ដូច​ជា​អ្នក​ដែល​បាន​លះ​បង់​ជា​ច្រើន ដើម្បី​តែ​បុព្វហេតុ​ជាតិ​ដ៏​ធំ​ធេង​របស់​យើង។ ការ​យល់​ដឹង​របស់​ថ្នាក់​ដឹក​នាំ​យើង​ ប្រកប​ដោយ​ភាព​​អត់​ធ្មត់ យោគយល់​ និង​ទុក​ចិត្ត​មនុស្ស​ចម្រុះ​ជាតិ​សាសន៍​ដែល​មាន​វប្បធម៌ និង​ជំនឿ​សាស​នា​ផ្សេង​ៗ​គ្នា បាន​នាំ​ឲ្យ​មាន​សង្គម​មួយ​ប្រកប​ដោយ​សាមគ្គី​ភាព សុខដុមរមនា និង​សន្តិភាព សម្រាប់​មនុស្ស​គ្រប់​វណ្ណៈ។ ទស្សន​វិស័យ​របស់​ថ្នាក់​ដឹក​នាំ​យើង​ដែល​បាន​ដាក់​ឲ្យ​​អនុវត្ត​ យុទ្ធសាស្ត្រ ​អភិវឌ្ឍន៍ និង​សេដ្ឋកិច្ច​ពាក់​ព័ន្ធ ធានា​បាន​ថា ប្រជាជន​ម៉ាឡេស៊ី រស់​នៅ​ប្រកប​ដោយ​ភាព​រីក​ចម្រើន ការ​អប់រំ និង​ការ​ថែទាំ​សុខភាព ក្នុង​បរិស្ថាន​ប្រកប​ដោយ​សន្តិភាព សុវត្ថិភាព។
ក្រោម ការ​ដឹក​នាំ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី YAB Dato’Sri Najib Bin Tun Abdul Razak គោល​គំនិត«ខ្ញុំ​ជា​ជន​ជាតិ​ម៉ាឡេស៊ី» ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​កសាង​ប្រទេស​ជាតិ ដោយ​ផ្តោត​ជា​សំខាន់​លើ​សុខុមាលភាព ការ​បង្រួប​បង្រួម​ជាតិ និង​អភិបាល​កិច្ច​ប្រកប​ដោយ​ប្រសិទ្ធ​ភាព។ ការ​ធ្វើ​កំណែ​ទម្រង់​ និង​កម្មវិធី​ផ្លាស់​ប្តូរ​ជា​ច្រើន ត្រូវ​បាន​បង្កើត​ឡើង ហើយ​ក្នុង​ចំណោម​កម្មវិធី​ទាំង​នោះ មាន​កម្មវិធី​ផ្លាស់​ប្តូរ​រដ្ឋាភិបាល (GTP) ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ដំណើរ​ការ​ទៅ​ដោយ​រលូន ប្រសិទ្ធភាព និង​ស្អាត​ស្អំ និង​កម្មវិធី​ផ្លាស់​ប្តូរ​សេដ្ឋកិច្ច (ETP) ដែល​រួម​ចំណែក​ធ្វើ​ឲ្យ​មាន​កំណើន​នៅ​ប្រទេស​ម៉ាឡេស៊ី និង​សម្រេច​បាន​ទស្សន​វិស័យ​របស់​ប្រទេស​នេះ ក្នុង​ការ​អភិវឌ្ឍ​ជាតិ​ទាំង​ស្រុង​នៅ​មុន និង​ត្រឹម​ឆ្នាំ​២០២០។
ចាប់​ តាំង​ពី​កម្មវិធី​ផ្លាស់​ប្តូរ​ទាំង​នោះ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០១០ ម៉ាឡេស៊ី បាន​បង្កើន​ប្រាក់​ចំណូល​ក្នុង​ប្រជាជន​ម្នាក់​ៗពី ៦៧០០​ដុល្លារ​អាមេរិក ទៅ​៩៧០០ នៅ​ឆ្នាំ​២០១១ ហើយ​គោលដៅ​សម្រាប់​ឆ្នាំ​២០២០ គឺ ១៥ ០០០​ដុល្លារ​អាមេរិក។ ទាក់ទង​នឹង​ការ​វិនិយោគ ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) បាន​កើន​ឡើង​១២,៣​ភាគ​រយ រហូត​ដល់ ៣៣​ពាន់​លាន RM (ជាង ១០​ពាន់​លាន​ដុល្លារ​អាមេរិក) ខណៈ​ដែល​ការ​វិនិយោគ​របស់​ឯកជន បាន​កើន​ឡើង ១៩​ភាគរយ រហូត​ដល់ ៩៤​ពាន់​លាន​ RM (ប្រហែល ៣០​ពាន់​លាន​ដុល្លារ​អាមេរិក) កាល​ពី​ឆ្នាំ​២០១១ បើ​ធៀប​នឹង​ឆ្នាំ​២០១០។
ការ​ធ្វើ​កំណែ​ទម្រង់ និង​កម្មវិធី​ផ្លាស់​ប្តូរ បាន​រួម​ចំណែក​ដល់​ការ​ទទួល​ស្គាល់​ម៉ាឡេស៊ី ជា​ប្រទេស​មួយ ក្នុង​ចំណោម​ប្រទេស​ពោរ​ពេញ​ដោយ​ការ​ប្រកួត​ប្រជែង​ខ្លាំង​បំផុត​ចំនួន ២១ នៅ​លើ​ពិភព​លោក ក្នុង​ឆ្នាំ​២០១២ ដោយ​របាយការណ៍​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក។ ធនាគារ​ពិភពលោក ក៏​បាន​ទទួល​ស្គាល់ និង​ផ្តល់​ចំណាត់​ថ្នាក់​ទី​១៨ ដល់​ម៉ាឡេស៊ី ក្នុង​នាម​ជា​ប្រទេស​ដែល​ងាយ​ស្រួល​ចាប់​ផ្តើម និង​ធ្វើ​ពាណិជ្ជកម្ម ពោល​គឺ​នាំ​មុខ​ប្រទេស​មួយ​ចំនួន ដូច​ជា អាល្លឺម៉ង់ ជប៉ុន តៃវ៉ាន់ និង​បារាំង។
ក្នុង​នាម​ជា​ប្រជាជន​ម៉ាឡេស៊ី យើង​ទាំង​អស់​គ្នា ពិត​ជា​មាន​មោទនភាព​ចំពោះ​សមិទ្ធផល​សម្រេច​បាន​ ចាប់​តាំង​ពី​ទទួល​បាន​ឯករាជ្យ​មក ដោយ​ប្រទេស​របស់​យើង ទទួល​បាន​សន្តិភាព និង​ស្ថិរភាព​តរៀង​មក ហើយ​ប្រជាជន​ចម្រុះ​ជាតិ​សាសន៍​នោះ​ រស់​នៅ​ប្រកប​ដោយ​សាមគ្គី​ភាព ចម្រុង​ចម្រើន សុខ​ភាព​ល្អ និង​ការ​អប់រំ​កាន់​តែ​ខ្ពស់ ស្រប​ពេល​ដែល​ប្រទេស​នេះ ត្រូវ​បាន​ទទួល​ស្គាល់​ថា​ជា​សមាជិក​ដ៏​សំខាន់​ក្នុង​សហគមន៍​ពិភពលោក។
ប្រទេស ​ម៉ាឡេស៊ី កំពុង​មាន​ទំនាក់​ទំនង​ដ៏​រឹង​មាំ និង​ប្រកប​ដោយ​មេត្រី​ភាព​ជាមួយ​កម្ពុជា។ ប្រទេស​នេះ ជា​វិនិយោគិន​ដ៏​យូរ​អង្វែង​មួយ​នៅ​កម្ពុជា ហើយ​បាន​បណ្តាក់​ទុន​ជាង ២,៨​ពាន់​លាន​ដុល្លារ​អាមេរិក ចាប់​តាំង​ពី​ដើម​ទសវត្សរ៍​ ១៩៩០​មក ហើយ​បច្ចុប្បន្ន ជា​វិនិយោគិន​ធំ​ទី​បួន​នៅ​កម្ពុជា។ បច្ចុប្បន្ន ប្រទេស​នេះ បាន​បណ្តាក់​ទុន​ក្នុង​វិស័យ​ជា​ច្រើន រួម​មាន ធនាគារ សណ្ឋាគារ ទូរគមនាគមន៍ បរិក្ខារ និង​ឧស្សាហកម្ម។ ពាណិជ្ជកម្ម​ទ្វេ​ភាគី​របស់​យើង បាន​កើន​ឡើង​ដល់ ៣២៤​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០១១ បើ​ធៀប​នឹង​ឆ្នាំ​២០១០ ដែល​មាន ២២៩​លាន​ដុល្លារ​អាមេរិក។ សំខាន់​ជាង​នេះ​ទៀត ការ​នាំ​ចេញ​របស់​កម្ពុជា ទៅ​ម៉ាឡេស៊ី បាន​កើន​ឡើង ៩៥,៥​ភាគរយ នៅ​ឆ្នាំ​២០១១ បើ​ធៀប​នឹង​ឆ្នាំ​២០១០។ និន្នាការ​នេះ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បន្ត​កើន​ឡើង​នៅ​ឆ្នាំ​នេះ។ ភ្ញៀវ​ទេសចរ​ម៉ាឡេស៊ី​ប្រហែល ១០​ម៉ឺន​នាក់ បាន​មក​កម្ពុជា កាល​ពី​ឆ្នាំ​២០១១ ធៀប​នឹង​ឆ្នាំ​២០១០ ដែល​មាន ៨៤ ០០០​នាក់។ ភ្ញៀវ​កម្ពុជា ទៅ​ទស្សនា​ប្រទេស​ម៉ាឡេស៊ី ក៏​បាន​កើន​ឡើង​ពី ៤៨ ០០០​នាក់ កាល​ពី​ឆ្នាំ​២០១០ រហូត​ដល់​ប្រហែល ៥០ ០០០​នាក់ នៅ​ឆ្នាំ​២០១១​កន្លង​ទៅ​។
រដ្ឋាភិបាល កម្ពុជា បាន​ទទួល​ស្គាល់​ការ​រួម​ចំណែក​របស់​ពាណិជ្ជកម្ម​ម៉ាឡេស៊ី ក្នុង​សេដ្ឋកិច្ច​​កម្ពុជា។ កំណើន​ពាណិជ្ជកម្ម​ទ្វេ​ភាគី ការ​វិនិយោគ និង​ការ​ទំនាក់​ទំនង​រវាង​ប្រជាជន​ប្រទេស​ទាំង​ពីរ ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​ពីរ រំពឹង​ថា​នឹង​សម្រេច​បាន​ជោគ​ជ័យ​ដ៏​ប្រសើរ​នៅ​ក្នុង​សហគមន៍​សេដ្ឋកិច្ច​ អាស៊ាន (AEC) ដែល​នឹង​មក​ដល់​នៅ​ឆ្នាំ​២០១៥។ ក្នុង​បុព្វ​ហេតុ​នេះ យើង​សូម​ចូល​រួម​អប​អរ​សាទរ​កម្ពុជា​ដែល​បាន​ធ្វើ​ជា​ប្រធាន​អាស៊ាន​ ឆ្នាំ​២០១២ និង​ដើរ​តួនាទី​យ៉ាង​សំខាន់​ទៅ​រក​ការ​យល់​ដឹង​អំពី​ ទស្សន​វិស័យ​ដ៏​ធំ​ធេង​នេះ។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ គឺ​ប្រទេស​ម៉ាឡេស៊ី នឹង​ធ្វើ​ជា​ប្រធាន​អាស៊ាន​សម្រាប់​ឆ្នាំ​២០១៥។ អ្វី​ដែល​ជា​ក្តី​សង្ឃឹម​របស់​រដ្ឋាភិបាល​ម៉ាឡេស៊ី​នោះ​គឺ វិនិយោគិន និង​ប្រជាជន​ម៉ាឡេស៊ី​ដែល​កំពុង​ធ្វើ​ការ​នៅ​កម្ពុជា នឹង​បន្ត​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ និង​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​របស់​ប្រទេស ឲ្យ​កាន់​តែ​ខ្លាំង​ក្លា ព្រម​ទាំង​ជួយ​ពង្រីក​ទំនាក់​ទំនង​កាន់​តែ​ប្រសើរ​រវាង​កម្ពុជា និង​ម៉ាឡេស៊ី។
ក្នុង​ឱកាស​ដ៏​វិសេស​វិសាល​នេះ ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ជួយ​សម្រប​សម្រួល​ និង​​សហ​ប្រតិបត្តិការ​ជាមួយ​ស្ថាន​ទូត​ម៉ាឡេស៊ី និង​សូម​ឲ្យ​រាជ​រដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា សម្រេច​បាន​ជោគ​ជ័យ​ដ៏​ធំធេង សន្តិភាព និង​ភាព​រុង​រឿង​ជា​ដរាប៕
DATUK PENGIRAN HAJI MOHD HUSSEIN BIN DATUK PENGIRAN HAJI MOHD TAHIR NASRUDDIN
ឯកអគ្គរាជ​ទូត​ម៉ាឡេស៊ី​ប្រចាំ​ប្រទេស​កម្ពុជា By Phnom Penh Post

ទស្សនា​សួនច្បារ​រចនាម៉ូដ​បែប​ប្លែក​ឯ​ទឹកដី​ស្កុតឡេន

130904_24a
សួន​ច្បារ​ចក្កវាឡ មាន​រាង​ជា​កូន​ភ្នំ​​ដូច​គូទ​ខ្យង​ផុស​លើ​ស្រះទឹក។

ក្រុងឡុងដ៍ : លោក​ឆាលេស​ចេនក្ស​(Charles Jencks)​គឺជា​វិចិត្រករ និង​អ្នក​កែច្នៃ​ម៉ូដ​ជាតិ​អាមេរិក​បាន​ប្រើ​វា​ជា​រូបរាង​សណ្ឋាន​ដី​ប្លែក​ ៗ ធ្វើឲ្យ​ស្នាដៃ​ស្ថាបត្យកម្ម​របស់​លោក​មាន​លក្ខណៈ​ទំនើប និង​គួរ​ជា​ទី​ចាប់​អារម្មណ៍​នៃ​មនុស្ស​លោក។
ដូច្នេះ​ហើយ​បាន​ជា​គេ​ឃើញ​មាន​ព្រឹត្តិការណ៍ និង​កម្មវិធី​ប្រជុំ​ស្ថាបត្យកម្ម​មួយ​ចំនួន​បាន​បង្ហាញ​អត្ថន័យ​និង​ណែនាំ​ ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​ដឹង​ច្បាស់​ពី​ស្នាដៃ​សិល្បៈ​របស់​លោក។
លោក​ឆាលេស​ចេនក្ស​មាន​កំណើត​នៅឯ​សហរដ្ឋ​អាមេរិក ខណៈ​លោក​បាន​ចំណាយ​ពេល​ប្រមាណ​ជាង​៤​ទសវត្សរ៍​រស់នៅ​លើ​ទឹកដី​ប្រទេស​ អង់គ្លេស។ ទីនោះ​ហើយ​ជា​កន្លែង​មួយ​ដែល​លោក​បាន​សិក្សា​រៀនសូត្រ​នូវ​មុខ​ជំនាញ​កែច្នៃ ​លើ​ម៉ូដ​អគារ​និង​ទេសភាព​នានា​ដែល​មាន​ប្រជាប្រិយភាព​បំផុត។ លោក​បាន​ប្រែក្លាយ​វាល​ទំនាប ខ្ពង់រាប និង​សណ្ឋាន​ដី​កំពីកកំពក​ឲ្យ​ទៅ​ជា​ទេសភាព​ដ៏​ប្លែក​បំផុត​ក្នុង​លោក។
ជាក់ស្តែង​ស្នាដៃ​របស់​ស្ថាបត្យករ​វ័យ​៧៤​ឆ្នាំ​រូប​នេះ​រួមមាន​សួនច្បារ ​ចក្កវាឡ (Garden of Cosmic Speculation) ដែល​ស្ថិត​នៅឯ​ប្រទេស​ស្កុតឡេន​ដោយ​លោក​បាន​ចេញ​ម៉ូដ​វា​កាល​ឆ្នាំ​១៩៨៨ និង​ធ្វើ​ដើម្បី​ឧទ្ទិស​ទៅ​ដល់​ភរិយា​ចុង​ក្រោយ​របស់​លោក។ សួនច្បារ​នោះ​ត្រូវ​បាន​មតិ​មហាជន​កោតសរសើរ​យ៉ាង​ខ្លាំង ជាពិសេស​ពី​សំណាក់​ក្រុម​អ្នក​វិទ្យាសាស្រ្ត និង​ក្រុម​គណិតវិទូ​ទៅ​លើ​ស្នាដៃ​ឆ្លាក់​រូប​ទេសភាព​លើ​សណ្ឋាន​ដី​របស់​លោក។ វា​ជា​សួនច្បារ​មាន​ស្រះ​ទឹក​រាង​ដូច​ចំណិត​ដួងខែ មាន​ផ្ទៃដី​ដាំ​ស្មៅ​ក្រវិកក្រវក់​នៅលើ​ផ្ទៃទឹក​កូនភ្នំ​រាង​ដូច​គូទខ្យង និង​វាល​ដាំ​ស្មៅ​ជា​ក្រឡាចត្រង្គ​បី​ដូចជា​រូប​ធរណីមាត្រ​ក្នុង​ទ្រឹស្ដី​ គណិតវិទ្យា។
សួនច្បារ​នេះ​មិនមែន​ជា​ទីកន្លែង​មាន​ដើម​រុក្ខជាតិ​ដុះ​ឬ​ពោរពេញ​ដោយ​ បុប្ផា​ចម្រុះ​ពណ៌​ទេ តែ​មនុស្សម្នា​នៅ​តែ​ចង់​ទៅ​លេង​ទីនោះ​ដោយសារ​វា​មាន​ទ្រង់ទ្រាយ​ចម្លែក និង​ត្រូវ​បាន​រចនា​តាម​ទ្រឹស្ដី​បាតុភូតវិទ្យាសាស្រ្ត​និង​គណិតវិទ្យា​គួរ​ ឲ្យ​ចាប់​អារម្មណ៍៕ PR By Phnom Penh Post

Tuesday, September 3, 2013

លេងផង រៀនផង​នៅ​មណ្ឌល​កម្សាន្ត​អប់រំ​បែប​វិទ្យាសាស្ត្រ​ទី​១ Kids City

130904_20a
យុវតី​ម្នាក់​កំពុង​លេង​ឧប​ករណ៍​មួយ​ដែល​អាច​ឲ្យ​គេ​ដឹង​ពី​សកម្ម​ភាព​របស់​អ្នក​អវ​កាស​ពេល​ស្ថិត​ក្នុង​លំហ។ រូបថត សេត គឹមសឿន

ភ្នំពេញៈ ដោយ​សម្លឹង​មើល​ឃើញ​ពី​ភាព​រីកចម្រើន​នៃ​ការ​សិក្សា​អប់រំ​កាន់តែ​ស្ទុះ​ឡើង ​គួរ​ឲ្យ​កត់សម្គាល់​នៅ​ក្នុង​សង្គម​កម្ពុជា​នោះ ទើប​មជ្ឈមណ្ឌល​កម្សាន្ត​អប់រំ​បែប​វិទ្យាសាស្ត្រ​ដំបូង​បំផុត​ត្រូវ​បាន​លេច ​វត្តមាន​ឡើង​នៅក្នុង​អគារ​កម្ពស់​១១​ជាន់​គឺ Kids City ដែល​ស្ថិត​ជាប់​នឹង​អគារ​កម្ពស់​៤២​ជាន់ នៅ​កណ្តាល​រាជធានី​ភ្នំពេញ។
លោក ទូច ពុទ្ធី ប្រធាន​ផ្នែក​វិទ្យាសាស្ត្រ​នៅ​អគារ​Kids City បាន​ឲ្យ​ដឹង​ថា Kids City ដែល​មាន​ផ្នែក​កម្សាន្ត​ចម្រុះ បាន​បើក​សម្ពោធ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​១ មិថុនា ឆ្នាំ​នេះ។ អគារ​នេះ​ទទួល​ការ​ផ្គត់ផ្គង់​ផ្នែក​បច្ចេកទេស​ពី​មជ្ឈមណ្ឌល​ដ៏​ធំ​មួយ​របស់ ​ប្រទេស​នូវែលសេឡង់ ឈ្មោះ​ថា Science Alive ហើយ​វា​ប្រៀប​បាន​នឹង​ទីក្រុង​មួយ​ដែល​កុមារ និង​យុវវ័យ​អាច​ស្វែងរក​ការ​កម្សាន្ត​បែប​វិទ្យាសាស្ត្រ​ជាច្រើន​ប្រភេទ​ ដូចជា​កីឡា​កម្សាន្ត សួន​កម្សាន្ត​កុមារ ការ​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ ស្គី​ទឹកកក​ពិត​ៗ និង​ការ​ឡើង​ជញ្ជាំង​ជាដើម។ ក្រៅពី​នេះ Kids City ក៏​មាន​អគារ​លក់​ទំនិញ​កុមារ​ខោអាវ និង​សម្ភារ​កុមារ​មួយ​ចំនួន​ទៀត ហើយ​ក្នុង​នោះ​ក៏​មាន​ការ​លក់​កាហ្វេ និង​មាន​អាហារដ្ឋាន​ល្បី​ឈ្មោះ​លំដាប់​ពិភពលោក​ផង​ដែរ។
ដោយឡែក​អ្វី​ដែល​ជា​គ្រឹះ​ធំ​របស់​អគារ Kids City គឺ​មជ្ឈមណ្ឌល​កម្សាន្ត​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ ដែល​ស្ថិត​នៅ​ជាន់​ទី​៩។ លោក ពុទ្ធី បាន​បញ្ជាក់​ថា​៖​«​ចំណុច​ពិសេស​របស់​ការ​កម្សាន្ត​បែប​វិទ្យាសាស្ត្រ​នៅ​ ជាន់​ទី​៩ គឺ​កុមារ និង​យុវវ័យ​ចាប់ពី​អាយុ​៦​ឆ្នាំ​ឡើង​ទៅ ពួកគាត់​នឹង​រៀន​ដោយ​មិន​ដឹង​ខ្លួន និង​គ្មាន​ការ​ធុញទ្រាន់​»។
អ្នក​គ្រប់គ្រង​រូប​នេះ​បាន​ឲ្យ​ដឹង​ថា កន្លែង​កម្សាន្ត​បែប​វិទ្យាសាស្ត្រ​នេះ មាន​ប្រធានបទ​គោល​ចំនួន​៦​ធំ​ៗ​គឺ ទី​១​ផ្តោត​លើ​សំឡេង ទី​២ ស្វែងយល់​ពី​ពន្លឺ​(​អុបទិក​) ទី​៣ ប្រព័ន្ធ​សុរិយគតិ​(​សិក្សា​ពី​ភព​ជុំវិញ​ព្រះអាទិត្យ ពិសេស​ពី​ផែនដី​ផ្ទាល់​) ទី​៤ សិក្សា​ពី​កម្លាំង (​ខ្យល់ កម្លាំង​កកិត និង​ទំនាញ​) ទី​៥ កម្សាន្ត និង​សិក្សា​ពី​អគ្គិសនី និង​មេដែក​(​សិក្សា​ពី​សារៈសំខាន់​របស់​មេដែក និង​ការ​បង្កើត​អគ្គិសនី​) ទី​៦ ល្បែងល្បង​ប្រាជ្ញា អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​ថា កាលណា​យើង​ព្យាយាម​ដោះស្រាយ​ល្បងប្រាជ្ញា ខួរក្បាល​របស់​យើង​នឹង​ដំណើរ​ល្អ។ លោក​បាន​បញ្ជាក់​ថា ជា​រួម​នៅ​កន្លែង​កម្សាន្ត​បែប​វិទ្យាសាស្ត្រ​មាន​ឧបករណ៍​ចំនួន​៥០​ត្រូវ​ បាន​ដាក់​ឲ្យ​កុមារ និង​យុវវ័យ​លេង​កម្សាន្ត និង​ស្វែងយល់។
លោក​ពន្យល់​ថា​៖​«​ការ​កម្សាន្ត​បែប​វិទ្យាសាស្ត្រ​ជា​បច្ចេកវិទ្យា​ ដំបូង​បំផុត​នៅ​កម្ពុជា។ វា​មាន​សារសំខាន់​បំផុត ដែល​កុមារ​និង​យុវវ័យ​អាច​លេង​កម្សាន្ត​យ៉ាង​រីករាយ​ទន្ទឹម​នឹង​នោះ ពួកគេ​ក៏​អាច​ស្វែងយល់​ពី​មូលដ្ឋានគ្រឹះ​របស់​វិទ្យាសាស្ត្រ​ដោយ​មិន​ដឹង​ ខ្លួន ពោល​គឺ​ពួកគេ​លេងផង រៀនផង។​ពេល​នោះ​ពួកគេ​នឹង​ដឹងថា ពន្លឺ​មាន​ប្រភព​មកពី​ណា ផែនដី​យើង​យ៉ាង​ម៉េច តើ​កម្លាំង​កើត​មក​ពី​អ្វី ទំនាញ​ផែនដី គឺជា​អ្វី និង​ចំណេះដឹង​ជាច្រើន​ទៀត ហើយ​អ្វី​ដែល​ពិសេស​នោះ​គឺ​ពួកគេ​អាច​លេង​ល្បែងល្បង​ប្រាជ្ញា​ទទួល​រង្វាន់​ ទៀត​ផង​»។
លោក​បន្ថែម​ថា​៖​«​ការ​បង្កើត​កន្លែង​កម្សាន្ត​បែប​វិទ្យាសាស្ត្រ​នេះ បាន​ចូលរួម​ចំណែក​សង្គម​យ៉ាង​ច្រើន ពិសេស​លើ​ផ្នែក​សិក្សា​វិទ្យាសាស្ត្រ​របស់​កុមារ និង​យុវវ័យ ខណៈ​សាលា​នៅ​កម្ពុជា​មួយ​ចំនួន​មិន​ទាន់​មាន​បន្ទប់​ពិសោធន៍​សម្រាប់​បង្ហាញ ​សិស្ស​នៅ​ឡើយ​»។
បន្ថែម​លើ​ប្រធានបទ​គោល​ទាំង​៦ ដែល​ជា​មូលដ្ឋានគ្រឹះ​របស់​វិទ្យាសាស្ត្រ លោក ពុទ្ធី បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​ក្រោយ​នេះ Kids City នឹង​បង្កើត​ផ្នែក​មួយ​ទៀត​ដែល​មាន​ឈ្មោះ​ថា Science Discovery ដើម្បី​បំពេញ​ការ​ចង់​ដឹង​របស់​មនុស្ស​គ្រប់​រូប។
ជាមួយ​គ្នា​នឹង​ការ​បើក​មជ្ឈមណ្ឌល​កម្សាន្ត​អប់រំ​បែប​វិទ្យាសាស្ត្រ​ ដំបូង​បង្អស់​នៅ​កម្ពុជា​នេះ លោក ទូច ពុទ្ធី បាន​សម្តែង​នូវ​ក្តី​សង្ឃឹម​ថា​៖​«​ខ្ញុំ​ជឿជាក់​ថា នឹង​ទទួល​បាន​ផ្លែផ្កា​ល្អ​ព្រោះ​វិស័យ​អប់រំ​កំពុង​ដំណើរការ​ល្អ​ពិសេស​ វិស័យ​ឯកជន ហើយ​កុមារ និង​យុវជន​ក៏​មាន​កំណើន​ខ្ពស់ ដែល​ពួកគេ​ម្នាក់​ៗ​កំពុង​ស្រេកឃ្លាន​ការ​ទទួល​យក​ចំណេះដឹង​ទាំងនោះ និង​អនុវត្ត​ផ្ទាល់​តែ​ម្តង​»៕ By Phnom Penh Post

Microsoft ទិញ​អាជីវកម្ម​ទូរស័ព្ទ Nokia

130904_15
បុគ្គលិក​ក្រុមហ៊ុន​ Nokia លើក​បង្ហាញ​ទូរស័ព្ទ Lumia 925​ ក្នុង​សន្និសីទ​បង្ហាញ​ទូរស័ព្ទ​។ B.g























ក្រុង​ហែលស៊ីគិៈ ក្រុមហ៊ុន​ Microsoft Corp បាន​​ព្រម​ព្រៀង​ទិញ​យក​អាជីវកម្ម​ផលិត​ទូរស័ព្ទ​ចល័ត និង​អាជ្ញាប័ណ្ណ​​ប៉ាតង់​​​របស់​ក្រុមហ៊ុន​ Nokia Oyj ក្នុង​តម្លៃ ៥,៤៤​​ ពាន់​លាន​អឺរ៉ូ (៧,២ ​ពាន់​លាន​ដុល្លារ​) ខណៈ​ក្រុមហ៊ុន​របស់​ប្រទេស​ហ្វាំង​​ឡង់​​​ដែល​ធ្លាប់​ជា​ក្រុមហ៊ុន​ផលិត​ ទូរស័ព្ទ​ចល័ត​​ធំ​ជាង​គេ​របស់​ពិភព​លោក​មួយ​នេះ​កំពុង​ព្យាយាម​រក្សា​ចំណែក ​ទីផ្សារ​។
ក្រុមហ៊ុន​ទាំង​ពីរ​បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពី​ ថ្ងៃ​ម្សិលមិញ​ថា កិច្ច​ព្រម​ព្រៀង​នេះ​រួមមាន ​ការ​ចំណាយ​ថវិកា​ចំនួន ៣,៧៩​ ពាន់​លាន​អឺរ៉ូសម្រាប់​ទិញ​យក​អាជីវកម្ម​​ក្រុមហ៊ុន​ផលិត​គ្រឿង​ អេឡិចត្រូនិក​ចល័ត​ និង​ថវិកា​ចំនួន ១,៦៥​​ ពាន់​លាន​អឺរ៉ូ សម្រាប់​ទិញ​យក​ប៉ាតង់​។ ​លោក Stephen Elop នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Nokia នឹង​ចាក​ចេញ​ពី​ក្រុមហ៊ុន​​ Nokia ដើម្បី​ទៅ​​បម្រើ​ការ​ឲ្យ​ក្រុមហ៊ុន Microsoft។
ក្រុមហ៊ុន​ Nokia កំពុង​ដោះ​ស្រាយ​បញ្ហា​លំហូរ​សាច់​ប្រាក់​ដែល​បង្ក​ឡើង​ដោយ​សារ​ការ​ ធ្លាក់ចុះ​តម្រូវ​ការគ្រឿង​អេឡិចត្រូនិក​ ខណៈ​ទូរស័ព្ទ​របស់​ខ្លួន​បាន​បាត់​បង់​ចំណែក​ទីផ្សារ​ ដោយ​សារ​ផលិតផល​របស់​ក្រុមហ៊ុន Apple Inc និង​ទូរស័ព្ទ​ដែល​ប្រើ​ប្រាស់​កម្ម​វិធីប្រតិបត្តិការ Android ​របស់​ក្រុមហ៊ុន Google Inc។
លោក Elop បាន​កាត់​បន្ថយ​ការ​ងារ​ជាង ​២ ម៉ឺន​កន្លែង និង​បាន​ពន្យារពេល​ចែក​ភាគលាភ​របស់​ក្រុមហ៊ុននេះ ​កាល​ពី​ខែ​មករា ក្នុង​គោល​បំណង​ស្តារ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​។​
លោក Risto Siilasmaa ប្រធាន​ក្រុមហ៊ុន Nokia បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយថា​៖ «បន្ទាប់​ពី​ការ​វាយ​តម្លៃ​យ៉ាង​ហ្មត់​ចត់​ស្តីពី​វិធី​បង្កើន​តម្លៃ​ម្ចាស់ ​ភាគហ៊ុន​​ឲ្យ​ដល់​​កម្រិត​អតិបរមា រួម​ទាំង​ការ​ពិចារណា​លើ​ជម្រើស​ផ្សេងៗមក យើង​​ជឿ​ជាក់​ថា ប្រតិបត្តិការ​លក់​អាជីវកម្ម​នេះ​​ គឺ​ជា​មាគ៌ា​មួយ​ដ៏​ប្រសើរ​បំផុត​ចំពោះ​​ក្រុមហ៊ុន Nokia និង​ម្ចាស់​ភាគ​ហ៊ុន​​របស់​ខ្លួន​»។​
លោក Siilasmaa នឹង​ក្លាយ​ជា​នាយក​ប្រតិបត្តិ​បណ្តោះ​អាសន្ន​របស់​ក្រុមហ៊ុន Nokia។​​
ក្រុមហ៊ុន​ Nokia បាន​រាយការណ៍​កាល​ពី​ខែ​កក្កដាថា ការ​លក់​ទូរស័ព្ទ​ដៃ​នៅ​ត្រីមាស​ទីពីរ បាន​ធ្លាក់​ចុះ​ ២៧​ ភាគ​រយ​ ហើយ​ក្រុមហ៊ុន​នេះ​បាន​ខាតបង់​ថវិកា​​ជាង​ ៥​ ពាន់​លាន​អឺរ៉ូ​ ក្នុង​រយៈ​ពេល​ ៩​ ត្រីមាស​៕ Bloomberg/BP By Phnom Penh Posh

Saturday, June 29, 2013

កូនស្រីប្រលងធ្លាក់ ឪពុកឲ្យក្រុមគ្រួសារទាំងមូល លោតទឹក សម្លាប់ខ្លួន

ការប្រលងចូលរៀនថ្នាក់ មហាវិទ្យាល័យពិតជាសំខាន់ណាស់ សម្រាប់អ្នករស់នៅក្នុងប្រទេសចិន ដែលទាំងនេះហើយបាន ធ្វើឲ្យគ្រួសារមួយ មកលោតទឹកសម្លាប់ខ្លួន ដោយសារតែកូនស្រីធ្លាក់ ការប្រលងត្រៀមចូលមហាវិទ្យាល័យនោះ។
យោងទៅប្រភពព័ត៌មានរបស់ប្រទេសចិន បានឲ្យដឹងថា ក្រុមគ្រួសាមួយនេះ គឺជាអ្នករស់នៅ ក្នុងទីក្រុង Gong’an ខេត្ដ Hubei ដែលនៅក្នុងនោះ ក្មេងស្រីដែល ត្រូវចូលប្រលងនោះ មានឈ្មោះថា Xiao Fu ។ យ៉ាងណាមិញ ក្មេងស្រីនេះ ក៏ជាសិស្សម្នាក់ដែលរៀនពូកែ ដូចនេះទើបនាងជំរុញឲ្យចូលប្រលងថ្នាក់ មហាវិទ្យាល័យ ដែលនៅក្នុងនោះ ឪពុកម្ដាយរបស់នាង ក៏មិនមានការព្រួយបារម្មណ៍អ្វីដែរ ដោយសារតែកូនចេះស្រាប់។
ទោះជាយ៉ាងណា លទ្ធផលចុងក្រោយនោះ គឺនាងប្រលងធ្លាក់ ដែលធ្វើឲ្យឪពុកនាងស្លុតជាខ្លាំង និងទទូចឲ្យក្រុមគ្រួសាររបស់នាង សម្លាប់ខ្លួនតែម្ដងទៅ ដោយលោតចូលទឹកទន្លេ។ សំណាងល្អហើយ ដែលក្រុមគ្រួសាររបស់នាង ត្រូវបានប្រជាជននៅក្នុងតំបន់ជួយ សង្គ្រោះបានទាន់ពេលវេលា។
តាមការសើុបអង្កេត បានឲ្យដឹងថា ក្រុមគ្រួសាររបស់ក្មេងស្រីនេះ ពិតជាមានជីវភាពក្រីក្រណាស់ ដែលមានតែដីស្រែបន្ដិចបន្ដួច សម្រាប់ចិញ្ចឹមជីវិតែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត បើសិនជាកូនស្រីនេះ អាចប្រលងជាប់ចូលមហាវិទ្យាល័យនោះ នោះក្រុមគ្រួសារនេះ នឹងអាចទទួលបាន ការឧបត្ថម្ភផ្សេងៗ ដែលអាចធ្វើឲ្យក្រុមគ្រួសារនេះ សប្បាយចិត្ដដូចគ្នា។
ថ្មីៗនេះ បានឲ្យដឹងថា អ្នកភូមិ មួយចំនួនបាន ចាប់ផ្ដើមបរិច្ចាគ របស់ផ្សេងៗ ទៅកាន់ក្រុមគ្រួសារនេះ ដើម្បីទុកពេលវេលាខ្លះ ដើម្បីឲ្យពួកគេអាចចេះគិត និងពិចារណាសារឡើងវិញ។
តើប្រិយមិត្ដយល់យ៉ាងណា?